សិស្សថ្នាក់ទី១១ វិទ្យាល័យ ជាស៊ីម សន្ធរម៉ុក យកកាំបិតបុ័ងតោកាប់ក្បាលសិស្សថ្នាក់ទី៩ ហូរឈាមដាបក្នុងសាលារៀន
រាជធានីភ្នំពេញ ៖ យុវជនជាសិស្សថ្នាក់ទី១១ វិទ្យាល័យ ជាស៊ីម សន្ធរម៉ុក ម្នាក់ បានយកកាំបិតបុ័ងតោ កាប់ប្រហារទៅលើយុវជនម្នាក់ទៀតជាសិស្សរៀនថ្នាក់ទី៩FR ចំក្បាលខាងក្រោយរបួសធ្ងន់ហូរឈាមដាប ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ប្រហែល១២:៣០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅចំណុចក្នុងបរិវេណវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ផ្លូវលេខ១២៨ ក្រុមទី១ ភូមិ១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ក្មេងទំនើងប្រើកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរបួសក្បាលផ្នែកខាងក្រោយរយ៉ាស់ប្រហែល៦០ស.ម របួសធ្ងន់) ។
ជនសង្ស័យមានឈ្មោះ ពេញ កិត្តិគុណ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១១ វិទ្យាល័យ ជាស៊ីម សន្ធរម៉ុក ស្នាក់នៅផ្ទះលេខ៤៥ ផ្លូវលេខ៣៤៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ក្នុងនោះសមត្ថកិច្ចដកហូតបាន កាំបិតបុ័ងតោដងឈើចំនួន០១ (ជារបស់ជនសង្ស័យឈ្មោះ ពេញ កិត្តិគុណ ប្រើកាប់ទៅលើជនរងគ្រោះឈ្មោះ ហើយ ចាន់សម្បត្តិ) ។
ចំណែកជនរងគ្រោះ ឈ្មោះ ហើយ ចាន់សម្បត្តិ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី៩FR ស្នាក់នៅផ្ទះពុំចាំលេខ ផ្លូវលំ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ រងរបួសក្បាលផ្នែកខាងក្រោយរយះប្រហែល៦០ស.ម របួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម:) ដោយសារជនសង្ស័យឈ្មោះ ពេញ កិត្តិគុណ ប្រើកាំបិតបុ័ងតោកាប់នៅពេលកើតហេតុ) ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមផ្លូវច្បាប់ ៕ នុច


