ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ស្តេចយាងចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន ។
យាង និងអញ្ជើញថ្វាយព្រះរាជដំណើរព្រះអង្គទាំងទ្វេ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ មានវត្តមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្ដេច ឯកឧត្ដម លោកជំទាវ ជាសមាជិកសមាជិកាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រះរាជវង្សានុវង្ស និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជាផងដែរ។
