ស្គាល់អត្តសញ្ញាណអ្នកបើករថយន្តបុកគេស្លាប់៦នាក់ទាំងកូនក្នុងផ្ទៃនៅបាត់ដំបងហើយ! ស្នងការខេត្តបាត់ដំបងកោះហៅឲ្យចូលខ្លួននៅព្រឹកថ្ងៃទី១ មេសា ជាកំណត់!
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អញ្ជើញឈ្មោះស៊ីវ ជ័យសិដ្ឋភេទប្រុស ឆ្នាំកំណើត ០២-១២-២០០៦ ជាម្ចាស់កម្មសិទ្ធនៃរថយន្តម៉ាក MERC EDES BENZ ពាក់ផ្លាកលេខ កម្ពុជា-C.S.6168 ដែលរថយន្តនេះបានបង្កគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី២៧ ខែ មីនា ឆ្នាំ២០២៦វេលាម៉ោង២២និង៤០នាទីនៅចំណុចផ្លូវជាតិលេខ៥ស្ថិតក្នុងភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បណ្តាលឱ្យស្ល-ាប់ជនរងគ្រោះចំនួន០៥នាក់ប្រុសចំនួន០២នាក់ស្រ្តីចំនួន០៣នាក់ ។

ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទ ប្រុសត្រូវចូលខ្លួនមកធ្វេីការបំភ្លឺពីករណីនេះនៅថ្ងៃទី០១ខែមេសាឆ្នាំ២០២៦វេលាម៉ោង១០និង០០នាទីនៅការិយាល័យនរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងជាកំណត់។

សូមរំលឹកផងដែរថា ប្រជាពលរដ្ឋ ស្ទើរតែមួយប្រទេសបានដឹងបានលឺនូវ សោកនាដកម្ម ដែលកេីតចេញពីគ្រោះថ្នាក់ចរាចរណ៍មួយនៅលេីផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ246-247 ស្ថិតក្នុងក្រុមទី១២ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ បណ្តាលឲ្យមនុស្ស៦នាក់ រួមទាំងកូនក្នុងផ្ទៃ ត្រូវបានបាត់បង់ជីវិតហើយជនបង្កមិនទាន់វែកមុខ ខណៈក្រុមគ្រួសារ សាច់ញាតិកំពុងដង្ហោយរកយុត្តិធម៌ជូនអ្នកទាំង៦នាក់នេះ ។

គួររំលឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងរថយន្តមួយគ្រឿង ម៉ាកMERCEDES BENZ AMG GT53 ប្រភេទគ្រួសារ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កម្ពុជាC.S.6168 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានបុករះពីក្រោយម៉ូតូចំនួន២គ្រឿង ដែល០១គ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង1H.2105 អ្នកបើកបរឈ្មោះ ប៉ុក ស៊ីណាប់ ភេទស្រីអាយុ៣២ឆ្នាំ (ស្លាប់) និងអ្នករួមដំណើរ ១/ឈ្មោះ ម៉េន ម៉ីនាង ភេទស្រី អាយុ១០ឆ្នាំ (ស្លាប់) ២/ឈ្មោះ ម៉េន សុខមាន ភេទប្រុស អាយុ៧ឆ្នាំ (របួសធ្ងន់) និង០១គ្រឿងទៀតម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង1S.1965 អ្នកបើកបរឈ្មោះ សួន ធានី ភេទប្រុស អាយុ៥០ឆ្នាំ(ស្លាប់) និងអ្នករួមដំណើរ ១/ឈ្មោះ វុន ស្រីជា ភេទស្រី អាយុ៤៣ឆ្នាំ(ស្លាប់) ២/ឈ្មោះចាន់ ចាវ ភេទប្រុស អាយុ៧ឆ្នាំ(ស្លាប់) អ្នកទាំងអស់គ្នារស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ ករណីនេះ កំពុងតែចាប់អារម្មណ៍ពីសំណាក់មហាជនលើបណ្តាញសង្គម ខណៈរូបភាពសពក្នុងកម្រងផ្កា មេរុបូជាសពរៀបទន្ទឹមគ្នាយ៉ាងសង្វេគបំផុត ៕
