អតីតតារាកំប្លែងជើងចាស់ នាយគ្រោង ជួបគ្រោះថ្នាក់ចរាចរណ៍របួសសារជាថ្មីខណៈជីវភាពកំពុងខ្វះខាតខ្លាំង ក្រោយទើបតែជួបគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់កាលពីពេលថ្មីៗរួច
កំពង់ស្ពឺ៖ លោក អ៊ុក សំណាង អាយុ ៧២ ឆ្នាំ ដែលមហាជនស្គាល់ច្បាស់ថាជាអតីតតារាកំប្លែង «នាយគ្រោង» បានរងគ្រោះថ្នាក់ចរាចរណ៍នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នេះ។
បន្ទាប់ពីបាត់មុខពីវិស័យសិល្បៈជាច្រើនឆ្នាំ ពេលនេះលោកកំពុងស្នាក់នៅជាមួយកូនក្នុងភូមិត្រពាំងលើក ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទាំងស្ថានភាពខ្សត់ខ្សោយ។ មិនត្រឹមតែគ្មានផ្ទះសម្បែងសមរម្យនោះទេ ភរិយារបស់លោកក៏មានជំងឺប្រចាំកាយរហូតដើរមិនរួចទៀតផង ដែលធ្វើឱ្យបន្ទុកគ្រួសារកាន់តែធ្ងន់ធ្ងរ។
សូមបញ្ជាក់បន្ថែមថា អតីតតារាកំប្លែងជើងចាស់ នាយគ្រោង ក្នុងវ័យ ៧៦ ឆ្នាំ ក៏ធ្លាប់បានជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ បណ្ដាលឱ្យបាក់ភ្លៅ និងបាក់ឆ្អឹងត្រកៀកដល់ទៅ ៣ កំណាត់ តាំងពីពាក់កណ្ដាលខែកក្កដា ខណៈពេលដែលលោកកំពុងធ្វើដំណើរទៅទិញថ្នាំលេប ក្រោយជូនចៅទៅសាលារៀនរួច ក៏ត្រូវម៉ូតូរ៉ឺម៉កបុកតែម្ដង ដោយពេលនោះ លោកត្រូវបានបញ្ជូនទៅ សម្រាកព្យាបាលនៅមន្ទីរពេទ្យមរតកតេជោ ក្នុងទីក្រុងភ្នំពេញ ក្រោយពីបានសម្រាកព្យាបាលនៅឯស្រុកអស់មួយរយៈមក ពេលនេះបែរជាមកជួបគ្រោះថ្នាក់ចរាចរណ៍ម្តងទៀត ទាំងជីវភាពកំពុងខ្វះខាតខ្លាំង ។
កាលពីអតីតកាល តារាកំប្លែង«នាយគ្រោង» ធ្លាប់បានបន្សល់ទុកស្នាមញញឹមជាច្រើនដល់ទស្សនិកជន តាមរយៈការសម្តែងរួមគ្នាជាមួយលោក ព្រាប សុវត្ថិ និងនាយព្រែក ក្នុងវីដេអូចម្រៀងបទ «ភ្លេចសន្យាសាយ័ណ្ហ»។
ឆ្លងកាត់ការលំបាកនាពេលនេះ ក្នុងនាមជាអ្នកដែលធ្លាប់បង្កើតសំណើចជូនសង្គម លោកពិតជាត្រូវការការសង្គ្រោះ។ សូមពុកម៉ែបងប្អូន និងសប្បុរសជនទាំងអស់ មេត្តាជួយឧបត្ថម្ភដល់រូបលោក និងភរិយាតាមលទ្ធភាព ដើម្បីជួយសម្រាលទុក្ខលំបាកមួយគ្រានេះ។
