សមត្ថកិច្ចបង្ហាញមុខសរុប៣២នាក់ ពាក់ព័ន្ធ៦ករណី មានទាំងធីម បឹងកេងកង, ផ្សារដើមថ្កូវ, កាប់ គោ, កាប់ស្លុយ, ធីមទឹកមាត់, កាហ្វេកែងចិន
រាជធានីភ្នំពេញ៖ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខជនសង្ស័យចំនួន ៣២នាក់ ក្នុងនោះមានទាំងធីម ធីមបឹងកេងកង, ផ្សារដើមថ្កូវ, កាប់ គោ, កាប់ស្លុយ, ធីមទឹកមាត់, កាហ្វេកែងចិន ដែលពាក់ព័ន្ធនឹង ៦ករណីផ្សេងគ្នា ក្រោយត្រូវបានសមត្ថកិច្ចបង្ក្រាបបានជាបន្តបន្ទាប់ រយៈពេល៣ថ្ងៃគិតពីថ្ងៃ១១ ដល់ថ្ងៃទី១៤ សីហា ២០២៦ និងត្រូវបានបង្ហាញមុខជាសាធារណៈរួមគ្នា នៅព្រឹកថ្ងៃទី១៤ ខែសីហា នេះ រួចបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមច្បាប់ ។ សូមបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យនេះក៏មានជនសង្ស័យម្នាក់ ទើបតែប្រឡងបាក់ឌុបចាប់ ក៏ចេញធាក់ប្លន់ម៉ូតូគេជាមួយក្លើ ហើយត្រូវបានសមត្ថកិច្ចបង្ក្រាបបានផងដែរ ។
សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបនេះ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានសហការជាមួយសមត្ថកិច្ចខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌជ្រោយចង្វារ និងខេត្តកំពង់ស្ពឺ បង្ក្រាបបានជាបន្តបន្ទាប់ ក្នុងនោះរួមមាន ៖
-កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បង្ក្រាបបាន០២ករណី ឃាត់ខ្លួនបាន ១២នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ក្មេងទំនើង៦ធីមឈ្មោះ ធីមបឹងកេងកង, ផ្សារដើមថ្កូវ, កាប់ គោ, កាប់ស្លុយ, ធីមទឹកមាត់, កាហ្វេកែងចិន)ក្នុងចំណោមពួកគេទាំង១២នាក់ មាន ២នាក់មានសាធាតុញៀន ។
– កម្លាំងនគរបាលខណ្ឌមានជ័យ បង្ក្រាបបាន ២ករណី ឃាត់ខ្លួនបាន០៣នាក់ ពាក់ព័ន្ធករណីលួច (មានសារធាតុញៀនទាំង០៣នាក់ )។
-ចំណែកខណ្ឌពោធិ៍សែនជ័យ បង្ក្រាបបាន ០២ករណី ឃាត់ខ្លួនបាន ១២នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (មានសារធាតុញៀនក្នុងទឹកនោម ០៣នាក់ ) ១ករណីទៀត ឃាត់ខ្លួនបាន ០៥នាក់ កាន់កាប់អាវុធខុសច្បាប់ (កាំបិតបុង័តោ ដាវកែច្នៃ ដងឆ័ត្រ )។
បច្ចុប្បន្នជនសង្ស័យទាំង ៣២នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់ តុលការចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ នុច
