អនីតិជន២នាក់ដែលរងការរិះគន់ពីមហាជន ក្រោយបង្ហោះសកម្មភាពមិនសមរម្យលើបណ្ដាញសង្គម សមត្ថកិច្ចស្រាវជ្រាវ នាំមកអប់រំ និងប្រគល់ជូនអាណាព្យាបាល
រាជធានីភ្នំពេញ ៖ ករណីអនីតិជនចំនួន០២នាក់ដែលនៅពេលថ្មឺៗនេះ មានការបង្ហោះផ្សព្វផ្សាយនូវសកម្មភាពមិនគម្បីរបស់ពួកគេនៅក្នុងបណ្តាញសង្គម នាំឱ្យរងការរិះគន់ពីមហាជនអ្នកលេងបណ្តាញសង្គម រួមមាន ៖
ករណីទី១: ក្មេងចាក់សាក់អួតបង្ហាញដើម្បីទាក់ទាញចំណាប់អារម្មណ៍ ដែលនាំឱ្យមានការរិះគន់ជាខ្លាំងពីមហាជន
ករណីទី២: តាំងខ្លួនដូចក្មេងទំនើងដោយប្រើពាក្យសម្តីមិនសមរម្យមានលក្ខណៈចង់បង្កហេតុឱ្យមានអំពើហិង្សា ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ និងនាំយកមកអប់រំណែនាំ
នៅពេលថ្មីៗនេះ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវ និងនាំក្មេងតូចៗចំនួន០២នាក់ដោយម្នាក់រស់នៅខណ្ឌដូនពេញ និងម្នាក់ទៀតនៅខណ្ឌពោធិ៍សែនជ័យ មកកន្លែងសមត្ថកិច្ច និងអញ្ជើញអាណាព្យាបាលដើម្បីធ្វើការអប់រំណែនាំ ឱ្យបញ្ឈប់សកម្មភាពកូនរបស់ខ្លួន ដែលមើលទៅខ្វះសីលធម៌ និងខ្វះការអប់រំពីអាណាព្យាបាល បណ្តែតបណ្តោយឱ្យកូនៗខាងលើ ជាអនីតិជន ប្រើប្រាស់កាយវិការពាក្យសម្តីមិនសមរម្យ ដូចជាក្មេងទំនើង បង្ហោះតាមបណ្តាញសង្គម ជាទង្វើកោងកាចគ្មានសីលធម៌ដែលសង្គមស្អប់ខ្ពើម។
ក្រោយពីសមត្ថកិច្ចសួរនាំ និងធ្វើកំណត់ហេតុរួចរាល់ បន្ទាប់មកសមត្ថកិច្ចបានធ្វើកិច្ចសន្យាប្រគល់ឱ្យអាណាព្យាបាលដើម្បីធានានាំយកក្មេងៗទាំង០២នាក់ទៅអប់រំបន្ត ឱ្យកែប្រែពួកគេជាក្មេងល្អនៅក្នុងសង្គម សមត្ថកិច្ចក៏បានអនុញ្ញាតឱ្យពួកគេត្រឡប់ទៅផ្ទះវិញ៕


