ត្បូងឃ្មុំ ៖ មនុស្ស២នាក់បានស្លាប់យ៉ាងរន្ធត់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូនិងរថយន្តក្នុងទិសដៅបញ្ច្រាសទិសគ្នា បុកគ្នាពេញទំហឹង កាលពីវេលាម៉ោង ១១:៥០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ករណីខាងលើ ស្ថិតនៅភូមិស្រែខ្សាច់ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។
តាមរបាយការណ៍របស់កំណត់ហេតុHotline 117 ប្រចាំបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រចេះ 1C-2168 ចំណែករថយន្តម៉ាកតូយូតា HIACE ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BK-3323 អ្នកបើកបរមិន ស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។
ករណីនេះម៉ូតូ និងរថយន្ត បើកបរបញ្ច្រាស់ទិសគ្នា ដោយម៉ូតូបើកបរពីត្បូងទៅជើង មកដល់កន្លែងកើតហេតុ ម៉ូតូបានវ៉ា ជែងរថយន្តធំមួយគ្រឿង ក៏ជ្រុលទៅបុកនឹងរថយន្តម៉ាកតូយូតា ដែលបើកបរពីជើងទៅត្បូង ចំពីមុខ រថយន្តតែម្តង ។ មូលហេតុ៖ ម៉ូតូវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ។
សមត្ថកិច្ចបានធ្វើការវាស់វែង យកទាំងរថយន្តនិងម៉ូតូទៅ រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតំបែរ ដើម្បីបន្តនីតិវិធី ។ មជ្ឈមណ្ឌលប្រចាំបញ្ហា HOTLINE ១១៧ ទទួលរបាយការណ៍ឆ្លើយតបពីប្រចាំបញ្ជា នៃប៉ុស្តិ៍នគរបាលរដ្ឋបាលសេដា នៅ វេលាម៉ោង ១៤:២០នាទី ៕
