បើតាមការបញ្ជាក់របស់ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឱ្យដឹងថា ចំពោះស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នេះ ទឹកទន្លេបានស្រកចុះបន្តិចមកត្រឹម កម្ពស់ ១៤,០៦ ម៉ែត្រ ដោយស្រកចុះ ០,០២ ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញ (កាលពីថ្ងៃម្សិលមិញកម្ពស់ ១៤,០៨ ម៉ែត្រ)។ ដោយឡែក ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ កម្ពស់ទឹកទន្លេមានត្រឹមតែ ១៣ ម៉ែត្រ ប៉ុណ្ណោះ ខណៈដែលកម្ពស់ទឹកត្រូវប្រកាសអាសន្នប្រុងប្រយ័ត្នគឺ ១៥,២០ ម៉ែត្រ។
ទោះបីជាស្ថានភាពទឹកមានការស្រកចុះបន្តិចយ៉ាងណាក៏ដោយ អាជ្ញាធរខេត្តកំពង់ចាម នៅតែបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេ ព្រែក បឹងបួរ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងតាមដានស្ថានភាពទឹកជាប់ជាប្រចាំ។
ជាមួយគ្នានេះ ត្រូវយកចិត្តទុកដាក់មើលថែសមាជិកគ្រួសារ ជាពិសេសក្មេងតូចៗ កុំឱ្យចុះលេងទឹក ឬធ្វើដំណើរទៅកាន់ទីកន្លែងដែលមានគ្រោះថ្នាក់។ ក្នុងករណីត្រូវការព័ត៌មាន បញ្ហាអាសន្ន ឬសុំអន្តរាគមន៍សង្គ្រោះ បងប្អូនអាចទាក់ទងមកកាន់លេខទូរស័ព្ទ 1294 ឬទាក់ទងអាជ្ញាធរមូលដ្ឋានដោយផ្ទាល់។ នេះបើយោងតាមការចេញផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកំពង់ចាម ៕
