ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា នៅពេលថ្មីៗនេះ ករណីដែលមានការបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គមគឺមានបុរសម្នាក់បានបន្ទោរបង់(នោម)ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយ នៅក្នុងខណ្ឌសែនសុខ ជាទង្វើខ្វះសីលធម៌ បង្កប៉ះពាល់អវិជ្ជមានដល់សង្គម បរិស្ថាន អនាម័យ សោភ័ណភាព និងសណ្តាប់ធ្នាប់សាធារណៈ ។
ចំពោះករណីនេះ នាព្រឹកថ្ងៃទី១ខែកញ្ញាឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកអធិការនគរបាលខណ្ឌសែនសុខ ចាត់កម្លាំងជំនាញធ្វើការស្រាវជ្រាវ ស្វែងរកបុរសនេះដើម្បីអនុវត្តចាត់វិធានការតាមជំនាញចំពោះមុខរបស់សមត្ថកិច្ច។
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សក៏សូមអំពាវឲ្យប្រជាពលរដ្ឋមានការចូលរួមលើកកម្ពស់ បរិស្ថាន អនាម័យ សោភ័ណភាពទីក្រុង និងសណ្តាប់ធ្នាប់សាធារណៈ សង្គម ឲ្យកាន់តែល្អប្រសើរ៕
