បងថ្លៃនឹងប្អូនថ្លៃ ផឹកស៊ីចាំស្រាខ្លាំងស្រវឹងទាស់សម្តីគ្នា បញ្ចេញក្បាច់គុនផ្អើលអ្នកជិតខាង ត្រូវសមត្ថកិច្ចនាំមកអប់រំ កុំឲ្យមានលើកទី២
រាជធានីភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បុរស២នាក់ដែលត្រូវជាបងថ្លៃនឹងប្អូនថ្លៃ នឹងគ្នា ស្រវឹងស្រាទាស់សម្តីគ្នា នៅពេលផឹកស៊ី ហើយវាយគ្នាទៅវិញទៅមក នៅទួលពង្រ សង្កាត់ចោមចៅ១ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកជិតខាង ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ កោះហៅមកសួរនាំ ហើយបន្ទាប់មកសមត្ថកិច្ចបានអប់រំនិងឲ្យធ្វើកិច្ចសន្យា ដោយថែមទាំងមានការធានាពីក្រុមគ្រួសារ ហើយពួកគេទទួលស្គាល់កំហុសនិងបានសុំទោសជាសាធារណៈ ដោយសន្យាមិនឲ្យកើតមានបង្កបញ្ហាជម្លោះប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់ ជាលើកទី២ទៀតឡើយ!
សូមបញ្ជាក់ថា:កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង២២និង៣០នាទី នៅចំណុចលើផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញមានការកើតហេតុបង្កភ្ញាក់ផ្អើល បុរស២នាក់វាយគ្នាទៅវិញទៅមក រវាងឈ្មោះ ជួប ចូច ភេទប្រុស ជនជាតិខ្មែរ អាយុ២៩ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅបន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនិងឈ្មោះ មុំ ឈន់ ភេទប្រុស ជនជាតិខ្មែរ អាយុ៣២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមិនបណ្តាលឲ្យរបួសស្នាមអ្វីនោះទេ
មូលហេតុៈ. ទំនាស់ពាក្យសំដីពេលផឹកសុីបង្កជាហិង្សាទៅវិញទៅមក៕
