ថ្ងៃស៊យ ថ្ងៃអស់លក្ខណ៍! C.I.Dជ័រ ដេញកាក់ចាប់ប៉ូលិសZin ប៉ះចំអធិការរងខណ្ឌពោធិ៍សែនជ័យនិងប្រជាពលរដ្ឋស្លូតត្រង់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់បាន៤នាក់ មិនដឹងថាកន្លងមកមានប្រជាពលរដ្ឋស្លូតត្រង់ប៉ុន្មាននាក់នោះទេដែលធ្លាប់ក្រុមប៉ូលិសជ័រនេះចាប់ហើយជំរិតទារយកលុយនោះទេ
រាជធានីភ្នំពេញ៖ សមត្ថកិច្ចបានបញ្ជាក់លម្អិតជុំវិញប្រតិបត្តិការ បង្ក្រាបប៉ូលិសជ័រដេញកាក់ចាប់ប៉ូលិសZin ប៉ះចំអធិការរងខណ្ឌពោធិ៍សែនជ័យនិងប្រជាពលរដ្ឋស្លូតត្រង់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់បាន៤នាក់ មិនដឹងថាកន្លងមកមានប្រជាពលរដ្ឋស្លូតត្រង់ប៉ុន្មាននាក់នោះទេដែលធ្លាប់ក្រុមប៉ូលិសជ័រនេះចាប់ហើយជំរិតទារយកលុយនោះទេ ។
ជនសង្ស័យចំនួន ៤នាក់ ត្រូវបានសមត្ថកិច្ចធ្វើការប្រដេញឃាត់ខ្លួនបាន ករណី ក្លែង និងប្រើប្រាស់ ឯកសណ្ឋានមន្ត្រីនគរបាលជាតិ មានស្ថានទម្ងន់ទោស (យកឯក សណ្ឋាន មន្ត្រីនគរបាលជាតិ មកស្លៀកពាក់ក្លែងបន្លំជាមន្ត្រីនគរបាលជាតិ និងប្រើប្រាស់ប័ណ្ណសំគាល់នគរបាលព្រហ្ម ទណ្ឌ”C.I.D” ជិះម៉ូតូដេញឃាត់ប្រជាពលរដ្ឋ តាមផ្លូវសាធារណៈ គំរាមយកប្រាក់) កើតហេតុនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង២៣និង០០នាទីយប់ នៅចំណុច ផ្លូវបេតុង ស្ថិតនៅ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលបង្កឡើងដោយ ជនសង្ស័យចំនួន០៩នាក់ ស្លៀកពាក់ខោប្រយុទ្ធ ពណ៌ខៀវ និងអាវមានអក្សរនគរបាលជាតិ និងស្លៀកពាក់ស៊ីវិល ប្រដាប់ដោយវិទ្យុទាក់ទង០២គ្រឿង និង ជិះម៉ូតូ ចំនួន០៥គ្រឿង។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានទាំងអស់ចំនួន០៩នាក់៖
១-ឈ្មោះ ឌី មេសាណាន់ ភេទប្រុស ជនជាតិខ្មែរ អាយុ២៦ឆ្នាំ មុខរបរ ដឹកជញ្ជូន ស្នាក់នៅ ភូមិគរ សង្កាត់ច្រាំងចំរេទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ឃាត់ខ្លួន ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង០៤និង០០នាទី) ។
២-ឈ្មោះ ឌី ចំណាប់ ភេទប្រុស ជនជាតិខ្មែរ អាយុ១៩ឆ្នាំ មុខរបរ ដឹកជញ្ជូន ស្នាក់នៅ ភូមិគរ សង្កាត់ច្រាំងចំរេទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ឃាត់ខ្លួន ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង០៤និង០០នាទី) ។
៣-ឈ្មោះ បុល ជង់យឿន ភេទប្រុស ជនជាតិខ្មែរ អាយុ២៦ឆ្នាំ មុខរបរ ដឹកជញ្ជូន ស្នាក់នៅ ភូមិបារ៉ុង ឃុំបារ៉ុង ស្រុកល្វាឯម ខេត្តកណ្តាល់ (ឃាត់ខ្លួនថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង០៤និង០០នាទី)
៤-ឈ្មោះ ភួង ស៊ីវអេង ភេទប្រុស ជនជាតិខ្មែរ អាយុ១៨ឆ្នាំ មុខរបរ រត់តុការ ស្នាក់នៅ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួនថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង០៤និង០០នាទី) ។
៥-ឈ្មោះ ម៉ាប់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ និងទីលំនៅ មិនពិតប្រាកដ (គេចខ្លួន) ។ ៦-ឈ្មោះ ការី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ និងទីលំនៅ មិនពិតប្រាកដ (គេចខ្លួន) ។
៧-ឈ្មោះ សារ៉ាត់ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ និងទីលំនៅ មិនពិតប្រាកដ (គេចខ្លួន) ។
៨-ឈ្មោះ ទី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ និងទីលំនៅ មិនពិតប្រាកដ (គេចខ្លួន) ។
៩-ឈ្មោះ រ៉ា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ និងទីលំនៅ មិនពិតប្រាកដ (គេចខ្លួន) ។
ក្នុងនោះសមត្ថកិច្ចធ្វើការ វត្ថុតាងចាប់យក រួមមាន ម៉ូតូ០១គ្រឿងម៉ាកYAMAHA EXCITER ពណ៌ក្រហម ពាក់ស្លាកលេខនគរបាល1-7325 , ទូរស័ព្ទដៃ ០១គ្រឿងម៉ាកOPPO ពណ៌ខៀវ ៣, វិទ្យុទាក់០១គ្រឿងម៉ាកMOTOROLA ពណ៌ខ្មៅ , កាតមាន អក្សរ POLICE “C.I.D” នគរបាលព្រហ្មទណ្ឌ ចំនួន០១ ជារបស់ ឈ្មោះ ឌី មេសាណាន់ ភេទប្រុស , ម៉ូតូ០១គ្រឿងម៉ាកHONDA DREAM C125 ពណ៌ខៀវ ផលិតឆ្នាំ២០២៥ ពាក់ស្លាកលេខកំពត1W- 2056 , ទូរស័ព្ទដៃ ០១គ្រឿងម៉ាក | Phone 13 ពណ៌ខៀវ , វិទ្យុទាក់០១គ្រឿងម៉ាកMOTOROLA ពណ៌ខ្មៅ , កាតមាន អក្សរ POLICE “C.I.D” នគរបាលព្រហ្មទណ្ឌ ចំនួន០១ ជារបស់ ឈ្មោះ បុលជង់យៀន ភេទប្រុស , ម៉ូតូ០១គ្រឿងម៉ាកHONDA DREAM C125 ពណ៌ខៀវ ផលិតឆ្នាំ២០២៥ ពាក់ស្លាកលេខភ្នំពេញ1LJ-6849 , ទូរស័ព្ទដៃ ០១គ្រឿងម៉ាក | Phone 13 ពណ៌ខៀវ , វិទ្យុទាក់ ០១គ្រឿងម៉ាកMOTOROLA ពណ៌ខ្មៅ , កាតមាន អក្សរ POLICE “C.I.D” នគរបាលព្រហ្មទណ្ឌ ចំនួន០១ ជារបស់ ឈ្មោះ ឌី ចំណាប់ ភេទប្រុស , ទូរស័ព្ទដៃ ០១គ្រឿងម៉ាក I Phone 8 ពណ៌ខ្មៅ ជារបស់ ឈ្មោះ បុលជង់យៀន ភេទប្រុស ។
សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការបង្ក្រាបនេះ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង២៣និង០០នាទីយប់ មុនពេលកើតហេតុ កម្លាំង សមត្ថកិច្ចនគរបាលយើង បានទទួលពត៌មានពីបងប្អូនប្រជាពលរដ្ឋ ឱ្យកម្លាំងសមត្ថកិច្ចនគរបាលយើង ជួយប្រកាសតាមវិទ្យុទាក់ ថា៖មានជនសង្ស័យ០១ក្រុម បានធ្វើសកម្មភាព ជិះម៉ូតូចំនួន០៥គ្រឿង ដោយជនសង្ស័យខ្លះ ស្លៀកពាក់ខោប្រយុទ្ធពណ៌ខៀវ និងអាវមានអក្សរនគរបាលជាតិ និងស្លៀកពាក់ ស៊ីវិល និងមានកាន់វិទ្យុទាក់ទង ដេញតាមឃាត់បងប្អូនប្រជាពលរដ្ឋដែលជិះម៉ូតូតាមផ្លូវសាធារណៈ គំរាមយកប្រាក់ នៅចំណុចផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ។ លុះពេលបងប្អូនប្រជាពលរដ្ឋ សួរនាំរកអង្គភាពនៅកន្លែងណា? និងមានប័ណ្ណសំគាល់ខ្លួនជា នគរបាលជាតិដែរឬទេ? រួចហើយក្រុមជនសង្ស័យ ពុំបានឆ្លើយតបនោះទេ ដោយក្រុមជនសង្ស័យ បាននាំគ្នាជិះម៉ូតូគេចខ្លួន តាមផ្លូវលេខ២០០៤ នៅពេលទទួលបានដំណឹងនេះភ្លាម ទើបកម្លាំងសមត្ថ កិច្ចនគរបាលយើង បានជិះម៉ូតូចេញទៅជួយអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ នៅចំណុច ផ្លូវលេខ២០០៤ កែងភ្លើងស្តុបផ្លូវសហព័ន្ធរុស្ស៊ី ភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ រួមនិងវត្ថុតាង នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍ សែនជ័យ តែម្តង ។ចំណែកជនសង្ស័យចំនួន០៥នាក់ទៀត បានជិះម៉ូតូគេចខ្លួនបាត់ ។
ក្រោយការសាកសួរ ជនសង្ស័យទាំង០៤នាក់ បានឆ្លើយសារភាពថា៖ពួកខ្លួនទាំង០៤នាក់ និងបក្ខពួកចំនួន០៥នាក់ទៀត ដែលស្គាល់ មកតៗគ្នា ពិតជាបានធ្វើសកម្មភាព ស្លៀកពាក់ក្លែងបន្លំ ឯកសណ្ឋាន និងពាក់កាតមាន អក្សរ POLICE “C.I.D” នគរបាលព្រហ្មទណ្ឌ និងដាក់វិទ្យុទាក់ទង ជាប់និងខ្លួន ហើយជិះម៉ូតូតាមផ្លូវសាធារណៈ ហើយឃើញបងប្អូនប្រជាពលរដ្ឋណា ជិះម៉ូតូឃើញ ទំនង ជិះម៉ូតូកែច្នៃបំពង់ស៊ីមាំងម៉ូតូខុសប្រក្រតី និងគ្មានស្លាកលេខ ឬសង្ស័យ ជាអ្នកជក់គ្រឿងញៀន គឺពួក ខ្លួន ជិះម៉ូតូដេញតាម និងឃាត់សួរនាំ ហើយគំរាមយកប្រាក់មួយចំនួន បើមិនព្រមអោយ គឺពួកខ្លួន បញ្ជូនទៅថ្នាក់លើចាត់ការតាមនីតិវិធី បន្តទៀត ដោយមួយថ្ងៃ គឺចាប់ឃាត់ខ្លួន មនុស្ស ចំនួន៥*១០លើក ហើយគំរាមទារយកប្រាក់ បានចំនួន២០០,០០០៛(ម្ភៃម៉ឺនរៀល) ទៅចំនួន៣០០,០០០៛ (សាមសិបម៉ឺន រៀល) ហើយចែកប្រាក់គ្នាបានម្នាក់ ចំនួន៤០,០០០៛ (បួនម៉ឺនរៀល) ទៅចំនួន៥០,០០០៛(ប្រាំម៉ឺនរៀល)។ ហើយនៅកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង២២និង០០នាទី ពួកខ្លួន ធ្លាប់ធ្វើសកម្មភាព ជិះម៉ូតូដេញតាម មនុស្សប្រុសចំនួន០៣នាក់ ជិះម៉ូតូ០២គ្រឿង យកទៅសួរនាំនៅម្តុំផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ហើយបក្ខពួកឈ្មោះ ម៉ាប់ ភេទប្រុស ជាអ្នកគំរាមទារយកប្រាក់ចំនួន៣៥០$ ”បីរយហាសិបដុល្លារអាមេរិក” ដោយជនរងគ្រោះ អត់ប្រាក់ អោយ ទើបឈ្មោះ ម៉ាប់ ភេទប្រុស បានប្រាប់អោយជនរងគ្រោះ យកម៉ូតូទៅដាក់បញ្ចាំ យកប្រាក់មកធានា ខ្លួនមានសេរីភាពវិញ។
ផ្អែកតាមការសន្និដ្ឋាន និង ការវាយតម្លៃ ផ្អែកតាមជំនាញ វត្ថុតាងចាប់យកជាក់ស្តែង និងស្តាប់ការចម្លើយរបស់ ទាំង០៤នាក់ ពិតជាមាន ករណីដូចខាងលើ ប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបញ្ជូនខ្លួនបន្តទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ៕ នុច


