ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី០៣ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៤និង៥៥នាទី នៅចំណុចភូមិរោងដំរី ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ មានករណីចោរកម្មលួចឡានបែន មួយកើតឡើងដែលបង្កឡើង ដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព ចូលលួចបើកឡាន០១គ្រឿង ម៉ាកNISSAN ពណ៌សរ ដែលជនរងគ្រោះបានទុកឡាននៅខាងជើងផ្ទះ ហើយបានបើកចេញទៅសំដៅផ្លូវជាតិលេខ៥១បាត់ទៅ ។
ហេតុការណ៍នេះ បានក្លាយជាសោកនាដកម្មយ៉ាងរន្ធត់ ដោយលោកចោរនេះ បានបើករថយន្តរត់ ទៅបង្កជាគ្រោះថ្នាក់ចរាចរណ៍ ផ្តាច់សង្ខារមនុស្សចំនួន ៣ នាក់ កាលពីវេលាម៉ោង ៥:១៥ នាទីព្រឹក ថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០២៦ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២៨ ស្ថិតក្នុងភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។
តាមប្រភពព័ត៌មានបឋមពីកន្លែងកើតហេតុ និងសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តធុនធំមួយគ្រឿង (ប្រភេទឡានបែនដឹកដី ថ្ម និងខ្សាច់) បានបើកបរធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៥១។ លុះមកដល់ចំណុចគីឡូម៉ែត្រលេខ ២៨ ក្នុងភូមិគីរីថ្មី ស្រាប់តែរថយន្តនេះបាន រេចង្កូត ឆ្លងគន្លងផ្លូវ រួចទៅបុករះម៉ូតូមួយគ្រឿង ជិះដោយពីរនាក់ប្តីប្រពន្ធ និងម៉ូតូអូសរម៉កមួយគ្រឿងទៀត ដែលកំពុងធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា ខ្ទេចខ្ទីស្ទើរទាំងស្រុង ទម្លុះចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យមនុស្ស៣នាក់ ស្លាប់យ៉ាងរន្ធត់បំផុត ។
ក្នុងនោះបើយោងតាមផេកផ្លូវការរបស់ អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានឲ្យដឹងថា ក្រោយកើតហេតុ ជនសង្ស័យខាងលើបានបន្សល់ទុកវត្ថុតាងនៅនិងកន្លែងកើតហេតុរួមមាន ម៉ូតូ០១គ្រឿង កន្ត្រៃ០១ដើម កាំបិត០១ដើម និងដែកជ្រុង០១ដើម ។
ជនរងគ្រោះក្នុងករណីលួចរថយន្តមាន ឈ្មោះ សុខ វិថី ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិរោងដំរី ឃុំភ្នំតូច ។
ក្រោយទទួលពាក្យបណ្ដឹងពីជនរងគ្រោះកម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្ដិ៍នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២ វេលាម៉ោង១០និង៣០នាទី បានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាបានម្នាក់ ឈ្មោះ ថា គើវ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិចាអោក ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ និងបានឃាត់ខ្លួនជនសង្ស័យខាងលើយកមកសាកសួរ ហើយបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្ម លួចយកឡានបែនខាងលើ បើកចេញសំដៅឡើងទៅលើផ្លូវជាតិលេខ៥១ ហើយបើកក្នុងទិសដៅពីត្បូងទៅជើង លុះពេលបើកមកដល់ចំណុចភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ក៏បានបើកបុករះម៉ូតូចូលទៅក្នុងផ្ទះរបស់គេ ហើយបានចុះពីលើឡានរត់គេចខ្លួន។
ចំពោះជនសង្ស័យខាងលើជាមនុស្សប្រើប្រាស់សារធាតុញៀនខុសច្បាប់ និងដកហូតបាន វត្ថុតាងដកហូត ម៉ូតូ០១គ្រឿងម៉ាកPGX POPZ ពណ៌សរ,កន្ត្រៃ០១ដើម,កាំបិត០១ដើម,ដែកជ្រុង០១ដើម ។
ករណីនេះកម្លាំងជំនាញកំពុងសាកសួរ កសាងសំណុំរឿងតាមនីតិវិធីច្បាប់ ។
ចំណែកក្នុងសំណុំរឿងករណីគ្រោះថ្នាក់ចរាចរណ៍វិញ ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានចុះទៅដល់ទីតាំងកើតហេតុដើម្បី វាស់វែងយកវត្ថុតាងទៅរក្សាទុក រង់ចាំដោះស្រាយតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ នុច
