ស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនានានៅលើពិភពលោក កូនខ្មែរម្នាក់ទៀតដែលបានបញ្ចប់ការសិក្សារពីសាលាហ្វឹកហ្វឺនស្តង់ដារពិភពលោក សូម្បីមិត្តភក្តិជនជាតិអាល្លឺម៉ង់ក៏សរសើរមិនដាច់ពីមាត់
កូនខ្មែរធ្វើបាន នាំយកកេត្តនាម ទង់ជាតិខ្មែរទៅដល់អន្តរជាតិ ដែលនេះជាមោទនភាពដ៏ថ្មីមួយទៀតសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលលោក ផន មុតសុក្រឆពណ្ណ ហៅ (Richie) នាយទាហានវ័យក្មេងប្រកបដោយសក្តានុពល បានបញ្ចប់វគ្គហ្វឹកហ្វឺនយោធាដ៏តឹងរ៉ឹងបំផុត និងបានខិតខំប្រឹងប្រែងរហូតឈានដល់ការបញ្ចប់ការសិក្សាជាស្ថាពរពី សាលាយោធាភូមិន្ទសេនហឺស (The Royal Military Academy Sandhurst – RMAS) នៃចក្រភពអង់គ្លេស ដែលជាវិទ្យាស្ថានបណ្តុះបណ្តាលមេបញ្ជាការយោធាលំដាប់កំពូល និងល្បីល្បាញបំផុតនៅលើពិភពលោក។
សាលាយោធាភូមិន្ទ Sandhurst ត្រូវបានទទួលស្គាល់ទូទាំងសកលលោកថាជា «ស្តង់ដារមាស» នៃការបង្កើតអ្នកដឹកនាំយោធាឆ្នើមៗ ដែលធ្លាប់បានបណ្តុះបណ្តាលទាំងសមាជិករាជវង្សអង់គ្លេស មេដឹកនាំប្រទេស និងមេទ័ពល្បីៗជាច្រើនរូបក្នុងប្រវត្តិសាស្ត្រ។ ការទទួលបានឱកាសចូលរៀន និងអាចជម្នះការហ្វឹកហ្វឺនដ៏រឹងមាំទាំងផ្នែកកាយសម្បទា ស្មារតី និងយុទ្ធសាស្ត្ររហូតដល់ថ្ងៃបញ្ចប់ការសិក្សានេះ គឺជាមហាកិត្តិយសដ៏វិសេសវិសាលបំផុត។
ភាពជោគជ័យរបស់លោក ផន មុតសុក្រឆពណ្ណ (Richie) នៅលើឆាកអន្តរជាតិដ៏មានកិត្យានុភាពនេះ មិនត្រឹមតែជាជ័យជម្នះ និងជានិមិត្តរូបនៃភាពស្វិតស្វាញផ្ទាល់ខ្លួននោះទេ ប៉ុន្តែវាជាមោទនភាពដ៏ធំធេងសម្រាប់ប្រជាជនខ្មែរទាំងមូល។
ជោគជ័យនេះបានបង្ហាញយ៉ាងច្បាស់ថា នាយទាហានកម្ពុជាមានសមត្ថភាពខ្ពស់ អាចឈរជើង និងសម្រេចលទ្ធផលបានយ៉ាងល្អឥតខ្ចោះ ស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនាននៅលើពិភពលោក ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិត្យានុភាពយោធារបស់មាតុភូមិកម្ពុជាលើឆាកអន្តរជាតិ។
យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការអបអរសាទរចំពោះ លោក ផន មុតសុក្រឆពណ្ណ (Richie) ក្នុងឱកាសដ៏វិសេសវិសាលនេះ និងសូមជូនពរឱ្យលោកទទួលបានជោគជ័យកាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងការនាំយកចំណេះដឹង និងវិន័យលំដាប់ថ្នាក់ពិភពលោកមកបម្រើជាតិមាតុភូមិនាពេលអនាគត។
