លោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ៖ ករណីឃាតកម្មនៅស្រុកកញ្ជ្រៀច ក្រោយសមត្ថកិច្ចស្រាវជ្រាវទើបដឹងថា ឈ្មោះ ជៀន ខា មិនពាក់ព័ន្ធត្រូវបានដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ និងឈានដល់ការចាប់ឃាត់ខ្លួនបានជនដៃដល់ពិតប្រាកដ យកមកត្រាប់សកម្មភាពកាប់សម្លាប់ជនរងគ្រោះ!
លោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងទទួលការងារនគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ប្រាប់ TVFB នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នេះបានបញ្ជាក់ជុំវិញករណីនៅស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បានឲ្យដឹងថា ចំពោះករណីឃាតកម្ម ដែលបានកើតឡើងនៅវេលាម៉ោង៨ និង ៣០នាទីយប់ ថ្ងៃទី១៧ សីហា នៅចំណុចភូមិត្នោត ឃុំត្នោត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង នោះ ដំបូងឡើយ ដោយសារសមត្ថកិច្ចទទួលបានករណីមានករណីមនុស្សស្លាប់ សង្ស័យផ្តើមចេញពីករណីឃាតកម្ម នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ចបានដឹកនាំកម្លាំងចុះទៅដល់ទីតាំងកើតហេតុ ឃើញមានសាកសពជនរងគ្រោះម្នាក់ ស្លាប់ដោយមានស្នាមកាប់ និងមានកង់ចំនួន ២ នៅទីតាំងកើតហេតុ មួយជាកង់របស់ជនរងគ្រោះដែលស្លាប់ មួយទៀតជាកង់របស់ឈ្មោះ ជៀន ខា និងទ្រនាប់ជើងនៅទីនោះ ទើបជាជំហ៊ានដំបូងសមត្ថកិច្ចក៏បានឃាត់ខ្លួនបុគ្គលឈ្មោះ ជៀន ខា ទៅសួរនាំ ។ ប៉ុន្តែក្រោយពីសួរនាំទើបដឹងថា ករណីឃាតកម្មនេះ គឺឈ្មោះ ជៀន ខា មិនជាប់ពាក់ព័ន្ធសមត្ថកិច្ចក៏បានអនុញ្ញាតឲ្យគាត់ត្រឡប់មកផ្ទះវិញហើយនៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ និងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យជាជនដៃដល់ម្នាក់ទៀត យកមកសួរនាំ និងបានយកទៅធ្វើត្រាប់នៅទីតាំងកើតហេតុ ដែលបានធ្វើសកម្មភាពកាប់សម្លាប់ជនរងគ្រោះ ។
លោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងទទួលការងារនគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ប្រាប់ TVFB ទៀតថា ចំពោះករណីនេះ បុគ្គលឈ្មោះ ជៀន ខា បើតាមអ្នកភូមិប្រាប់សមត្ថកិច្ច គាត់ជាមនុស្សចូលចិត្តផឹកស្រា ពេលឃើញគេមានផឹកត្រង់ណាក៏ចូលទៅផឹកត្រង់នោះ លុះមុនពេលកើតហេតុនោះ គឺមានកម្មករធ្វើរបងកំពុងអង្គុយផឹក គាត់ក៏ចូលទៅផឹក តែគេមិនបាននិយាយអ្វីរកនោះទេ ក្រោយមកគាត់ក៏ត្រឡប់ទៅសម្រាកវិញ ដោយបានទុកកង់នៅចំណុចកើតហេតុនេះ ទើបសល់ដានដែលជាហេតុធ្វើឲ្យសមត្ថកិច្ចដំបូងឡើយគឺឃាត់ខ្លួនគាត់យកទៅសួរនាំ ។
ដោយឡែកចំពោះមូលហេតុពិតប្រាកដ ក្រោយសមត្ថកិច្ចបានសួរចម្លើយជនសង្ស័យជាជនដៃដល់ពិតប្រាកដ យ៉ាងយកចិត្តទុកដាក់ គឺ ជនរងគ្រោះជាមនុស្សផឹកស្រវឹងជាប់ បានជេរទៅកាន់ភាគីម្ខាងទៀត រឿងទំនាស់ព្រំដីធ្វើរបង ទើបឈានដល់ការកាប់សម្លាប់តែម្តង ។
ជាក់ស្តែងនៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះសមត្ថកិច្ចជំនាញពាក់ព័ន្ធ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងទទួលការងារនគរបាលព្រហ្មទណ្ឌផ្ទាល់ នាំខ្លួនជនសង្ស័យជាជនដៃដល់ ទៅធ្វើត្រាប់នៅទីតាំងកើតហេតុ និងនាំខ្លួនទៅកាន់ តុលាការដើម្បីចាត់ការតាមច្បាប់ ៕
