រដ្ឋបាលខេត្តតាកែវ បដិសេធច្រានចោលការចុះផ្សាយលើបណ្តាញសង្គមថា ឯកឧត្តមអភិបាលខេត្ត អនុញ្ញាតឱ្យម្ចាស់ទីតាំងលក់គ្រឿងយានយន្តកសិកម្មគូបូតា (KUBOTA) សាងសង់សំយ៉ាបធ្វើអំពីដែកប្រក់ស័ង្កសីចូលលើចំណីផ្លូវសាធារណៈ តាមបណ្តោយផ្លូវជាតិលេខ២២ គឺជាព័ត៌មានមិនពិត!
រដ្ឋបាលខេត្តតាកែវ បានចេញនូវ សេចក្តីប្រកាសព័ត៌មាន ជុំវិញករណីការចុះផ្សាយថាអភិបាលខេត្ត អនុញ្ញាតឱ្យមានការសាងសង់សំណង់រឹងមាំ លើដីចំណីផ្លូវសាធារណៈនេះជាព័ត៌មានមិនពិត។
យោង៖ លិខិតលេខ ១០៤៣/២៥ សជណ ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តតាកែវ។
រដ្ឋបាលខេត្តតាកែវ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២៥ មានគេហទំព័រ និងបណ្តាញសង្គម បានចុះផ្សាយថាអភិបាលខេត្តតាកែវ អនុញ្ញាតឱ្យសាងសង់ សំណង់រឹងមាំ លើដីចំណីផ្លូវសាធារណៈនៅស្រុកត្រាំកក់ (សង់លើដីចំណីផ្លូវដោយស្របច្បាប់)។
ពាក់ព័ន្ធករណីនេះ ក្រោយពីការចុះពិនិត្យទីតាំងជាក់ស្តែងឃើញថា ម្ចាស់ទីតាំងលក់គ្រឿងយានយន្តកសិកម្មគូបូតា (KUBOTA) បានសាងសង់សំយ៉ាបធ្វើអំពីដែកប្រក់ស័ង្កសីចូលលើចំណីផ្លូវសាធារណៈ តាមបណ្តោយផ្លូវជាតិលេខ២២ ស្ថិតនៅភូមិត្រពាំងលើក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ហើយអាជ្ញាធរ ដែនដី បានចាត់វិធានការឱ្យម្ចាស់ទីតាំងធ្វើការរុះរើចេញផងដែរ។
ផ្អែកលើលិខិតរបស់រដ្ឋបាលខេត្ត គឺមិនបានអនុញ្ញាតឱ្យម្ចាស់ទីតាំងធ្វើការសាងសង់ជាសំណង់រឹងមាំ និងចូលចំណីផ្លូវសាធារណៈឡើយ។ ករណីនេះ រដ្ឋបាលខេត្ត សូមបដិសេដ និងច្រានចោលចំពោះការ ផ្សាយរបស់គេហទំព័រ និងបណ្តាញសង្គមមួយចំនួន ដោយចោទប្រកាន់មកលើការអនុវត្តកិច្ចការរដ្ឋបាល របស់រដ្ឋបាលខេត្ត ដោយផ្សាយព័ត៌មានមិនពិត និងមិនបានសាកសួរពីអាជ្ញាធរពាក់ព័ន្ធឡើយ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជ្រាបជាព័ត៌មាន៕

