កងរាជអាវុធហត្ថខេត្តព្រះសីហនុ ចុះឆែកឆេរសណ្ឋាគារ ឈុនអ៊ី កម្ពស់២២ជាន់ ឃាត់ខ្លួនជនបរទេស៣៥នាក់ រកឃើញវត្ថុតាងScams Online
ខេត្តព្រះសីហនុ ៖ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បាន ចុះឆែកឆេរ ទីតាំងសណ្ឋាគារ ឈុនអ៊ី កម្ពស់២២ជាន់ ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រកឃើញជនបរទេស ចំនួន ៣៥នាក់ (ស្រី ០៤នាក់)។
នៅក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងជំនាញបានសម្រេចដកហូតវត្ថុតាងរួមមាន៖
-កំព្យូទ័រយួរដៃ(laptop) ចំនួន ១៣គ្រឿង
-កំព្យូទ័រលើតុ All in one ចំនួន ២៨គ្រឿង
-ទូរស័ព្ទដៃផ្ទាល់ខ្លួន ចំនួន ៤០គ្រឿង
-ទូរស័ព្ទ ពាក់ព័ន្ធscams ចំនួន ៥៥គ្រឿង
-លិខិតឆ្លងដែនចំនួន ១០ក្បាល
-រថយន្តចំនួន ០៣គ្រឿង។
ជាមួយគ្នានោះដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនបរទេសចំនួន ៣៥នាក់(ស្រី៤នាក់) ជាដែលសង្ស័យជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)។
ការបង្ក្រាបនេះទៀតសោត គឺអនុវត្តតាមការណែនាំរបស់ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ឯក សុង កុសល មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត។
បច្ចុប្បន្ន ជនសង្ស័យទាំង ៣៥នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់បញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីសាកសួរ៕
