លោក អនុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីស្តីទីរបស់សៀម បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃសុក្រ ទី១២ ខែធ្នូ នេះថា លោកបានកំណត់ពេលដើម្បីសន្ទនាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅយប់ថ្ងៃសុក្រដដែលនេះ ខណៈការឈ្លានពានយ៉ាងឃោរឃៅរបស់យោធាសៀម តាមបន្ទាត់ព្រំដែន មកលើកម្ពុជា បានបន្តដល់ថ្ងៃទីប្រាំហើយ។
លោក អនុទីន បាននិយាយថា ជំនួបទូរសព្ទជាមួយលោក ត្រាំ នឹងធ្វើឡើងនៅវេលាម៉ោងក្នុងស្រុកប្រហែល ២១:២០ នាទីយប់ថ្ងៃសុក្រនេះ។
លោក ត្រាំ ចង់ធ្វើអន្តរាគមន៍ជាថ្មីម្តងទៀត ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា និងជួយសង្គ្រោះបទឈប់បាញ់ដែលលោកបានសម្របសម្រួលកាលពីដើមឆ្នាំនេះ ដោយសន្យាអស់ ៣ថ្ងៃមកហើយថា លោកនឹងបើកជំនួបទូរសព្ទទៅកាន់មេដឹកនាំនៃប្រទេសទាំងពីរ ដើម្បីព្យាយាមបញ្ឈប់ភាពតានតឹង។
នៅឯពិធីជប់លៀងសភាអាមេរិកកាលពីល្ងាចថ្ងៃព្រហស្បតិ៍ (ពេលវេលានៅទីក្រុងវ៉ាស៊ីនតោន) លោក ត្រាំ បានអួតសរសើរពីសមត្ថភាពរបស់លោកក្នុងនាមជាអ្នកបង្កើតសន្តិភាពសកល ហើយបានសម្តែងទំនុកចិត្តថា លោកនឹងធ្វើឱ្យបទឈប់បាញ់ “វិលមករកផ្លូវត្រូវវិញ”៕

