សម្តេចតេជោ បញ្ជាក់សារជាថ្មីថា កម្ពុជា មិនបានហាមឃាត់ការធ្វើដំណើររបស់ប្រជាជនកម្ពុជា ឬប្រជាជនថៃនោះឡើយ, កម្ពុជាសូមឲ្យផ្អាកគឺការធ្វើដំណើរតាមផ្លូវគោកដែលជាចំណុចគ្រោះថ្នាក់ដល់ជីវិតប្រជាជន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងតាមបណ្តាញសង្គមការងារផ្លូវកាតថា «ម្សិលមិញខ្ញុំបានបង្ហោះសារមួយជូនយោបល់ចំពោះរាជរដ្ឋាភិបាលចំពោះករណីប្រជាជនកម្ពុជានិងប្រជាជនថៃធ្វើដំណើរឆ្លងកាត់តាមព្រំដែនគោកគួរត្រូវបានផ្អាកដើម្បីធានាសុវត្ថិភាពទាំងប្រជាជនកម្ពុជានិងទាំងប្រជាជនថៃ។
អាចមានការភាន់ច្រឡំឬចង់បង្កររឿងពីភាគីម្ខាងទៀតដែលគិតថាយើងមិនអនុញ្ញាតិឲ្យប្រជាជនថៃវិលត្រឡប់ទៅប្រទេសវិញ។
ខ្ញុំសូមបញ្ជាក់ឲ្យបានច្បាស់ថាការផ្អាកការធ្វើដំណើរគឺគួរធ្វើតែតាមផ្លូវគោកប៉ុណ្ណោះព្រោះការប្រយុទ្ធនិងការឈ្លានពានមានទូទាំងព្រំដែនគោកទៅហើយបន្ថែមដោយផ្នែកមួយនៃតំបន់សមុទ្រ។
សម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសនូវតែអាចធ្វើដំណើរបានធម្មតាព្រោះគ្មានការប្រយុទ្ធនៅព្រលានយន្តហោះទេ។
អាស្រ័យហេតុនេះសូមបងប្អូនប្រជាជនថៃដែលកំពុងរស់នៅកម្ពុជាអាចចាកចេញពីកម្ពុជាតាមផ្លូវអាកាសនៅភ្នំពេញឬនៅសៀមរាប។ សម្រាប់ប្រជាជនថៃដែលកំពុងធ្វើការនៅជិតព្រំដែនវៀតណាមអាចចេញទៅតាមវៀតណាមហើយរកវិធីធ្វើដំណើរទៅកាន់ប្រទេសថៃវិញ។
ឯប្រជាជនកម្ពុជាប្រសិនចង់មកកម្ពុជាក៏ត្រូវធ្វើដំណើរត្រឡប់មកកម្ពុជាវិញតាមផ្លូវអាកាសនៅទីកន្លែងដែលមានជើងហោះហើរមកកម្ពុជា។
ខ្ញុំសូមបញ្ជាក់សារជាថ្មីថាយើងមិនបានហាមឃាត់ការធ្វើដំណើររបស់ប្រជាជនកម្ពុជាឬប្រជាជនថៃនោះឡើយ។អ្វីដែលយើងសូមឲ្យផ្អាកគឺការធ្វើដំណើរតាមផ្លូវគោកដែលជាចំណុចគ្រោះថ្នាក់ដល់ជីវិតប្រជាជន។ សូមពិនិត្យឡើងនូវសាររបស់ខ្ញុំម្សិលមិញ!និងសូមកុំយកបំណងល្អរបស់ខ្ញុំដើម្បីការពារជីវិតមនុស្សទាំងជនជាតិខ្មែរទាំងជនជាតិថៃមកវាយប្រហារលើខ្ញុំបែបនេះ»៕
