បងប្អូនយល់យ៉ាងណាដែរចំពោះវីដេអូដែលគ្រូបោះសៀវភៅសិស្សចោលព្រោះមិនកត់មេរៀន , ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី ៖ ខ្ញុំគិតថាតិចផង សម្រាប់ទឹកចិត្តគ្រូដែលបានប្រឹងប្រែងដេីម្បីសិស្សល្អ នឹងមានអនាគតរុងរឿង បេីទោះបីជាគាត់បច្ចុប្បន្ននៅតែជាគ្រូដដែលក្តី
បងប្អូនពិតជាបានជ្រាបហើយជុំវិញឃ្លីបវីដេអូមួយលើបណ្តាញសង្គម ដែលអ្នកគ្រូបានបោះសៀវភៅសិស្សចោល ដោយសារសិស្សមិនកត់មេរៀន ។ ទិដ្ឋភាពនេះបង្ហាញពីការខកចិត្តរបស់អ្នកគ្រូដែលប្រៀបដូចជាម្តាយទី២ ខិតខំផ្តល់ចំណេះវិជ្ជារដល់កូនៗ ឲ្យធំឡើងក្លាយជាទំពាំងស្នងឬស្សី មានចំណេះដឹងជាប់ខ្លួន កសាងប្រទេសជាតិឲ្យកាន់តែរឹងមាំ កុំឲ្យសត្រូវមើលងាយ តែបែរជាកូនៗមិនកត់មេរៀន មិនយកចិត្តទុកដាក់ ដល់ថ្នាក់អ្នកគ្រូបោះសៀវភៅចោលទៅហើយ នៅអាចសើច អាចកាន់ទូរសព្ទថត សប្បាយទៀត ។
ប្រធានបទនេះ ត្រូវបានអ្នកលេងបណ្តាញសង្គម ស៊ែរបន្តជាច្រើនដែលភាគច្រើន ពួកគាត់លើកទឹកចិត្តដល់អ្នកគ្រូលោកគ្រូ ពិសេសសូមឲ្យប្អូនៗទាំងអស់ ប្តូរអរិយាបទឡើងវិញ ខិតខំរៀនសូត្រ ទាន់អ្វីៗមិនទាន់ហួសពេល ។
ក្នុងនោះ ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី បានបង្ហោះលើបណ្តាញសង្គម នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ថា ខ្ញុំឃេីញវីដេអូដែលអ្នកគ្រូបានបោះសៀវភៅពីលេីចុះក្រោម ព្រោះតែសិស្សមិនកត់មេរៀនតាមការណែនាំ។ សកម្មភាពនេះ បេីធៀបនឹងកាលពីខ្ញុំរៀនថ្នាក់មធ្យមសិក្សាចំណេះដឹងទូទៅ គឺខ្ញុំគិតថាតិចផង សម្រាប់ទឹកចិត្តគ្រូដែលបានប្រឹងប្រែងដេីម្បីសិស្សល្អ នឹងមានអនាគតរុងរឿង បេីទោះបីជាគាត់បច្ចុប្បន្ននៅតែជាគ្រូដដែលក្តី។
ខ្ញុំធ្លាប់គ្រូវាយខ្នង វាយក្រញ៉ក្រចក ឈរមុខថ្នាក់ ព្រោះខូចពេលនោះ តែនិយាយដោយស្មោះ មិនដែលមានចិត្តខឹងគ្រូ ឬចងចិត្តប្រេីពាក្យអសុរសដល់អ្នកមានគុណទេ។ ពិតណាស់ថា ការបង្រៀនសម័យទំនេីប វាមិនដូចការបង្រៀនទាំងស្រុងពេលនេះធៀបនឹងសម័យកាលមុន យេីងជាសិស្សគប្បីត្រូវដឹងពីតួនាទី និងប្រឹងប្រែងក្នុងការសិក្សា បេីធ្វេីត្រូវតាមការណែនាំ ខ្ញុំជឿថាគ្មានគ្រូណាចង់មកដាក់ពិន័យសិស្សរបស់ខ្លួនដែលហៅថាកូនៗនោះទេ
ព្រមជាមួយនេះ ខ្ញុំក៏ជាអាណាព្យាបាលមួយរូបបច្ចុប្បន្ន សូមសំណូមពរដល់អាណាព្យាបាលសិស្សទាំងឡាយ សូមមេត្តាកុំជឿតែកូន ការពារតែកូនដែលលេីសព្រំដែន រហូតដល់ថ្នាក់សុខចិត្តប្រេីប្រាស់ពាក្យមិនសមរម្យមកគ្រូ ជំនួសឱ្យភាពខុសឆ្គងរបស់កូនៗខ្លួន ឬឃេីញទង្វេីនៃការដាក់ពិន័យគ្រូមួយជ្រុង ហេីយចោទទាំងស្រុងទៅពួកគាត់។ អាជីពជាគ្រូបង្រៀនម្នាក់ គឺរេីសបង្រៀនឱ្យគេចេះ អាចធ្វេីអ្នកធំ អ្នកមានបាន តែខ្លួនបានត្រឹមមួយរស់ តស៊ូមេីលនឹងភាពជោគជ័យនៃសិស្សរបស់ខ្លួន នោះជាសេចក្តីសុខដ៏ធំធេងរបស់គ្រូៗហេីយ។
ក្នុងន័យនេះ ខ្ញុំក៏សូមប្អូនៗ ក្មួយៗសិស្សទាំងអស់ សូមមេត្តាខិតខំរៀនសូត្រ អនុវត្តតាមច្បាប់វិន័យរបស់សាលា របស់គ្រូ ប្រឹងប្រែងដុសខាត់ខ្លួនស្រវាវិជ្ជា ព្រោះកម្ពុជាសម័យទំនេីបត្រូវការធនធានមនុស្សប្រកបដោយចំណេះ នោះទេីបយេីងកាន់តែល្អ រឹងមាំ ហេីយអាចនឹងរួមគ្នាការពារពីសត្រូវឈ្លានពានបាន។ យកវិជ្ជាជាអាវុធ សេចក្តីថ្លៃថ្នូរ និងសីលធម៌ជាឧបករណ៍ស្រូបទាញវិនិយោគិនមកកម្ពុជា រួមគ្នាអភិវឌ្ឍជាតិ ក្រោមម្លប់នៃជោគវាសនាតែមួយ ៕


