សម្តេចតេជោ ហ៊ុន សែន ណែនាំកាសែតThe Nationថៃ គួរផ្តោតការយកចិត្តទុកដាក់លើសភាពការណ៍ផ្ទៃក្នុងថៃល្អជាងមកគិតពីអនាគតនយោបាយផ្ទៃក្នុងកម្ពុជា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានធ្វើការឆ្លើយតបចំពោះការចុះផ្សាយរបស់កាសែតថៃ The Nation អំពីអនាគតនយោបាយផ្ទៃក្នុងរបស់កម្ពុជា ដោយបានណែនាំក្រុមអ្នកសារព័ត៌មានថៃនេះឲ្យមានវិជ្ជាជីវៈ និងគួរផ្តោតការយកចិត្តទុកដាក់លើសភាពការណ៍ផ្ទៃក្នុងនៃប្រទេសថៃវិញ។
ការឆ្លើយតបនេះត្រូវបានធ្វើឡើងក្រោយពេលដែលសម្តេចតេជោបានអានអត្ថបទជាច្រើនដែលចុះផ្សាយដោយកាសែត The Nation ទាក់ទងនឹងកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា សម្តេចមានបទពិសោធន៍ក្នុងអំណាចតាំងពីយូរលង់ណាស់មកហើយ ដោយបានបញ្ជាក់ថា៖ «ខ្ញុំកាន់អំណាចតាំងពីអ្នកកាសែតថៃខ្លះមិនទាន់ចាប់កំណើត ឬនៅដើរស្រាតនៅឡើយ។ ខ្ញុំស្គាល់នូវអ្វីដែលហៅថានយោបាយផ្ទៃក្នុងកម្ពុជា ក្នុងពេលដែលអ្នកកាសែតថៃមួយចំនួនមិនទាំងស្គាល់សភាពការណ៍ថៃខ្លួនឯងផង មកខំសរសេរវាយតម្លៃសភាពការណ៍កម្ពុជា»។
ជាមួយគ្នានេះ សម្តេចតេជោក៏បានក្រើនរំលឹកដល់អ្នកសារព័ត៌មានទាំងនោះឲ្យតាមដានមើលនូវអ្វីដែលនឹងកើតឡើងក្នុងប្រទេសថៃផ្ទាល់ ក្រោយរដ្ឋាភិបាលថៃឈានដល់អាយុ៤ខែ ក្រោយការរំលាយសភា និងក្រោយការបោះឆ្នោតនាដើមឆ្នាំ២០២៦។
សម្តេចបានបញ្ជាក់យ៉ាងច្បាស់លាស់ថា កម្ពុជាមានសមត្ថភាពក្នុងការចាត់ចែងកិច្ចការផ្ទៃក្នុងរបស់ខ្លួនដោយខ្លួនឯង ដោយមិនចាំបាច់ឲ្យកាសែតថៃសរសេរបង្វែរសាច់រឿងពីបញ្ហាផ្ទៃក្នុងថៃ មកកាន់កម្ពុជាឡើយ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ «បើលេងកុំខឹង បើខឹងកុំលេង»។
