ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បំភ្លឺជុំវិញ ស្ត្រីម្នាក់ដែលបានចោទប្រកាន់មកលើសមត្ថកិច្ចឃាត់ខ្លួនប្តីគាត់ គ្មានមូលហេតុ និងចោទថាសមត្ថកិច្ចយកលុយប្តីគាត់៦០ម៉ឺនរៀល នៅពេលឃាត់ខ្លួន ,ការពិតគឺ..
រាជធានីភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញសេចក្ដីបំភ្លឺព័ត៌មាន ចំពោះស្ត្រីម្នាក់ដែលបានចោទប្រកាន់មកលើសមត្ថកិច្ចឃាត់ខ្លួនប្តីគាត់ គ្មានមូលហេតុ នៅសង្កាត់ប្រទះឡាង ខណ្ឌកំបូល អំពើលួច និងចោទថាសមត្ថកិច្ចយកលុយប្តីគាត់៦០ម៉ឺនរៀល នៅពេលឃាត់ខ្លួន។
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ មានករណីលួច«យកគង» នៅចំណុចក្នុងវត្តស្វាយមាស ភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។
យោងតាមបណ្ដឹង របស់ដើមបណ្តឹងដែលជាលោកតាអាចារ្យវត្តស្វាយមាស និងសាក្សីបំភ្លឺពីព្រះសង្ឃស្ថិតក្នុងវត្តស្វាយមាស។
បន្ទាប់ពីទទួលពាក្យបណ្ដឹងរួចសមត្ថកិច្ចជំនាញបានចុះស្រាវជ្រាវស៊ើបអង្កេត និងវិភាគតាមរយៈកាមេរ៉ាសុវត្ថិភាព និងមានការសម្របសម្រួលពីលោកស្នងការរងទទួលផែនព្រហ្មទណ្ឌ និងព្រះរាជអាជ្ញារង ក៏បានវិនិច្ឆ័យ និងកំណត់មុខសញ្ញាជនសង្ស័យ រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កង រតនា ហៅផល ភេទប្រុស អាយុ ៦៥ឆ្នាំ ដើម្បីយកសាកសួរ និងអនុវត្តនីតិវិធីបន្ត។
ចំពោះថវិកាចំនួន ៦០០.០០០រៀល«ហុកសិបម៉ឺនរៀល»ដែលស្ត្រីត្រូវជាប្រពន្ធបានចោទមកលើសមត្ថកិច្ចថាបានយកថវិកាទាំងនេះ តាមរយៈការចុះផ្សាយព័ត៌មាន គឺសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល សូមធ្វើការបដិសេធទាំងស្រុង ដោយការចោទប្រកាន់នេះគ្មានមូលដ្ឋាននិងភស្តុតាងច្បាស់លាស់ ។នៅពេលការប្រគល់ជនសង្ស័យពីលោកតាអាចារ្យវត្ត ពុំបានប្រគល់ថវិកាមកជាមួយទេ ចំណែកចោទថាសមត្ថកិច្ច ប្រើអំពើហិង្សាទៅលើជនសង្ស័យ គឺជាការចោទប្រកាន់មិនពិតផងដែរ សមត្ថកិច្ចគ្មានហេតុផលណាត្រូវប្រើហិង្សាទៅលើជនសង្ស័យនោះទេ ។ចំពោះករណីនេះ បន្ទាប់ពីសមត្ថកិច្ចប្រមូលបានភស្តុតាង ច្បាស់លាស់ អនុវត្តទៅតាមអង្គហេតុនិងអង្គច្បាប់មានបន្ទុកបទល្មើសគ្រប់គ្រាន់ដេីម្បីកសាងបញ្ជូនសំណុំរឿង ទៅតុលាការចាត់ការតាមផ្លូវច្បាប់។
អាស្រ័យដូចបានជម្រាបជូន និងបកស្រាយបំភ្លឺខាងលើសូមសារធារណជនជ្រាបជាព័ត៌មាន៕(រូបភាពវីដេអូ កាម៉េរ៉ាសុវត្ថិភាព ជនសង្ស័យធ្វើសកម្មភាពលួច <គង> នៅក្នុងវត្ត និងរូបភាពជនសង្ស័យបញ្ជូនមកកន្លែងសមត្ថកិច្ច)
https://www.facebook.com/reel/1806990750748085
