សមត្ថកិច្ចរាជធានីភ្នំពេញ ផ្អាកការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ត្រឹមម៉ោង៤ល្ងាច ទុកពេលសម្រួលចរាចរណ៍ជូនពលរដ្ឋ
កម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក បានផ្អាកការអនុវត្តការរឹតបន្តឹងច្បាប់ ត្រឹមវេលាម៉ោង៤ល្ងាច ដោយទុកថេរវេលាដែលនៅសល់ ពង្រឹងការចុះតាមគោលដៅសំខាន់ដែលប្រឈម ដើម្បីឈរសម្រួលដល់លំហូរចរាចរណ៍ធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីបញ្ចៀសបានពីការកកស្ទះចរាចរណ៍ ស្របពេលដែលវេលាល្ងាចឡើង ស្ថានភាពចរាចរណ៍ទូទៅ មានភាពមមាញឹកច្រើន ។ នេះបើយោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ការ ផ្អាកការអនុវត្តការរឹតបន្តឹងច្បាប់ ត្រឹមវេលាម៉ោង៤ល្ងាចនេះ គឺអនុវត្តតាមគោលការណ៍ដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោមការដឹកនាំអនុវត្តរបស់លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងផែនការងារនគរបាលចរាចរណ៍ ។
ក៏ប៉ុន្តែ ទន្ទឹមនឹងស្ថានការចរាចរណ៍មមាញឹកដដែលនេះ ក៏នៅមានពលរដ្ឋមួយចំនួន នៅពុំទាន់ចូលរួមជាមួយការគោរពច្បាប់ឲ្យបានខ្ជាប់ខ្ជួននៅឡើយនោះដែរ ពិសេសការបើកការបញ្ច្រាសផ្លូវតែម្តងនៅតាមតំបន់នានាមួយចំនួន ជាក់ស្តែងរូបភាពខាងលើ គឺការបើកបរបញ្ច្រាសផ្លូវរបស់ពលរដ្ឋ នៅចំណុចក្រោមស្ពានអាកាសមរតកតេជោ ៕
