សាហាវ ! ឃា…ត.ករថៃដៃឆៅស….ម្លា…ប់ប្ល….ន់ជនជាតិរុស្ស៊ី២នាក់ រួចបន្តស…ម្លា…ប់ជម្រិ…តបំបិទមាត់មួយគ្រួសារ សរុប ៥ស..ព កប់ក្នុងដីបំបាត់ភស្តុតាង!
សង្គមថៃកំពុងតែមានការកក្រើក និងរន្ធត់យ៉ាងខ្លាំង បន្ទាប់ពីកម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនក្រុមឃាតករដៃឆៅពីរនាក់បងប្អូន គឺឈ្មោះ អៃ ពុង (Pong) និង អៃ ថង (Thong) ដែលបានប្រព្រឹត្តអំពើប្លន់សម្លាប់យ៉ាងសាហាវព្រៃផ្សៃទៅលើបងប្អូនជនជាតិរុស្ស៊ីពីរនាក់ និងបានឈានទៅដល់ការលាតត្រដាងករណីសម្លាប់ជម្រិតបំបិទមាត់មួយគ្រួសារទៀតដែលមានសមាជិក ៣ នាក់ សរុបសម្លាប់ជនរងគ្រោះរហូតដល់ ៥ នាក់ឯណោះ។
រឿងរ៉ាវដ៏ខ្មៅងងឹតនេះបានចាប់ផ្តើមឡើង បន្ទាប់ពីមានការរាយការណ៍អំពីការបាត់ខ្លួនជាអាថ៌កំបាំងរបស់បងប្អូនជនជាតិរុស្ស៊ីពីរនាក់។ ក្រោយការស្រាវជ្រាវយ៉ាងដិតដល់ ប៉ូលីសថៃបានឆ្មក់ចាប់ខ្លួនជនសង្ស័យមេខ្លោងគឺ អៃ ពុង និងបក្សពួកឈ្មោះ អៃ ថង នៅចម្ការមៀនមួយកន្លែង ក្នុងខេត្តស្រះកែវ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរបានសារភាពថា ពួកគេពិតជាបានសម្លាប់បងប្អូនជនជាតិរុស្ស៊ីទាំងពីរនាក់នោះមែន ដើម្បីប្លន់យកទ្រព្យសម្បត្តិ និងម៉ូតូ ហើយបានយកសាកសពទៅកប់លាក់ក្នុងតំបន់ភ្នំក្បែរព្រះពុទ្ធបដិមាផ្ទាំងថ្មខៅជីចាន់ (Khao Chi Chan) ក្នុងខេត្តឈុនបុរី។
អ្វីដែលធ្វើឱ្យសមត្ថកិច្ច និងសាធារណជនហួសចិត្ត និងរន្ធត់ចិត្តថែមមួយកម្រិតទៀតនោះ គឺនៅក្នុងកំឡុងពេលសាកសួរចម្លើយ ជនសង្ស័យបានទម្លាយរឿងរ៉ាវលាក់កំបាំងមួយទៀត។ លោក អៃ ថង ដែលជាបក្សពួក បានយំសារភាពទាំងក្តុកក្តួលថា ខ្លួនធ្វើតាមបញ្ជារបស់ អៃ ពុង ព្រោះតែខ្លាចមានគ្រោះថ្នាក់ដល់ប្រពន្ធកូន។ ការសារភាពនេះ បានដឹកនាំប៉ូលីសទៅកាន់ទីតាំងកប់សាកសពថ្មីមួយទៀត ដែលជាទីកប់សាកសពជនជាតិថៃមួយគ្រួសារ មានមានឪពុក ម្តាយ និងកូនតូច នៅក្នុងចម្ការដូងមួយកន្លែង។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ ព្រឹត្តិការណ៍សម្លាប់រង្គាលមួយគ្រួសារនេះ បានកើតឡើងតាំងពី ចុងខែមិថុនា មកម៉្លេះ ជនសង្ស័យ អៃ ពុង និងបក្សពួក បានរៀបចំផែនការយ៉ាងហ្មត់ចត់ ដោយបានធ្វើការក្លែងខ្លួនជា «មន្ត្រីប៉ូលីស» ក្នុងលេសដើរទារបំណុល ក្រុមឃាតករបានសម្រុកចូលទៅក្នុងផ្ទះជនរងគ្រោះ រួចប្រើខ្នោះដៃចងបង្ខំឪពុក ម្តាយ និងកូន ៣ នាក់ មិនឱ្យរើបំរះរួច ពួកគេបានដឹកជញ្ជូនគ្រួសាររងគ្រោះទៅកាន់ចម្ការដូងមួយកន្លែង រួចបានធ្វើការ បាញ់សម្លាប់ម្តងម្នាក់ៗយ៉ាងឈាមត្រជាក់ មុននឹងបោះសាកសពទាំង ៣ ចូលទៅក្នុងរណ្តៅតែមួយ រួចកប់ដីលុបពីលើដើម្បីបំបាត់ភស្តុតាង។
គិតមកទល់ពេលនេះ ប៉ូលីសបានកំណត់អត្តសញ្ញាណបក្សពួកដែលចូលរួមនៅក្នុងការប្លន់សម្លាប់នេះបានចំនួន ២ នាក់បន្ថែមទៀត គឺឈ្មោះ លោក បាល់ (Ball) និង លោក ហ្វ្លូក (Fluke)។
អ្វីដែលគួរឱ្យព្រួយបារម្ភបំផុតនោះគឺ តាមរយៈប្រវត្តិ និងសកម្មភាពរបស់ក្រុមស៊ើបអង្កេត ប៉ូលីសបានរកឃើញសញ្ញាណថា ក្រុមជនសង្ស័យដៃឆៅទាំងនេះ ធ្លាប់បានប្រព្រឹត្តបទឧក្រិដ្ឋក្នុងទម្រង់ស្រដៀងគ្នានេះ ចំនួន ២ ទៅ ៣ ដងផ្សេងទៀត នាពេលកន្លងមក ដែលបច្ចុប្បន្នសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតយ៉ាងក្តៅគគុក ដើម្បីស្វែងរកការពិត និងរកយុត្តិធម៌ជូនជនរងគ្រោះដែលចុងក្រោយ ៕ នុច
