អាយុទើប១៥ ១៦ឆ្នាំ ស្គាល់រសជាតិគុក ក្រោយធ្វើខ្លួនជាបងធំក្មេងទំនើង បើកឆាកកាប់ប្រហារសិស្សសាលាម្នាក់របួសធ្ងន់
មណ្ឌលគិរី ៖ ដោយអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងដោយមានការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលនីតិវិធីពី លោក ស៊ាវ ងីឈាន់ ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី។ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២២:០០នាទី ក្រោយពីបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងការិយាល័យជំនាញដឹកនាំដោយ លោកវរសេនីយ៍ទោ ឡិ កុសល្យ នាយ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំង បានចុះស្រាវជ្រាវ និងកំណត់មុខសញ្ញា ករណីហិង្សាដោយចេតនា បង្កឡើងដោយក្មេងទំនើងមួយក្រុមនៅចំណុចស្ពានអូររាំង ស្ថិតក្នុងភូមិពូរាំង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បណ្តាលឲ្យរងរបួស ១នាក់ ឈ្មោះ ហឿន លីហួរ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស (កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត)។
ករណីនេះយេីងឃាត់ខ្លួនជនសង្ស័យបាន ចំនួន ៤នាក់ រួមមាន៖ ១.ឈ្មោះ បុត ថាយុ ភេទប្រុស អាយុ ១៧ឆ្នាំ (ជាជនដៃដល់) ។ ២.ឈ្មោះ រ៉ាវី ឌីចូ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិព្នង ។ ៣.ឈ្មោះ លាភ ម៉េងហៀង ភេទប្រុស ។ ៤.ឈ្មោះ ហន គីមស័រ ភេទប្រុស អាយុ ១៦ឆ្នាំ ។ និងបក្សពួក ២នាក់ទៀតរត់គេចខ្លួនបាត់ កម្លាំងជំនាញកំពុងស្រាវជ្រាវតាមរកចាប់ខ្លួន។ វត្ថុតាងដកហូតបាន: កាំបិតបុ័ងតោ ១និងទូរស័ព្ទដៃ ៤គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមនឹងវត្ថុតាង កម្លាំងការិយាល័យជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់៕
