ខេត្តសៀមរាប ៖ យោងតាមផេកផ្លូវការរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា កាលយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីសត្វក្រពើរួចចេញពីអាងចិញ្ចឹមរបស់លោក ឈឿង សុីម៉ាក នៅភូមិតាលាវ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប ដែលនៅក្នុងទ្រុងមានក្រពើសរុបចំនួន ៧៣ក្បាល បានចេញពីអាងចំនួន ៣០ក្បាល។
តាមការឲ្យដឹងរបស់អាជ្ញាធរស្រុកអង្គរជុំ គិតត្រឹមរសៀលថ្ងៃទី១២ ខែវិច្ឆិការនេះក្រុមការងារ បានចាប់យកមកវិញបាន សត្វក្រពើចំនួន២៦ក្បាលហើយ នៅសល់ចំនួន ៤ក្បាលទៀត ។
បច្ចុប្បន្នក្រុមការងារកំពុងបន្តសហការជាមួយប្រជាពលរដ្ឋក្នុងតំបន់ ដើម្បីស្វែងរក និងចាប់យកឱ្យបានវិញទាំងអស់។ ជៀសវាងគ្រោះថ្នាក់ អាជ្ញាធរមូលដ្ឋានបានជម្រាបដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន មិនឱ្យទៅជិតតំបន់ប្រឡាយទឹក ឬកន្លែងជិតអាងចិញ្ចឹមក្រពើ រហូតដល់ការស្វែងរកត្រូវបានបញ្ចប់។ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុក កំពុងបន្តតាមដានស្ថានភាព និងចាត់វិធានការតាមស្ថានភាពជាបន្តបន្ទាប់ ដើម្បីធានាសុវត្ថិភាពសាធារណៈ។


